សកម្មភាព
ពិធីខួបលើកទី១ និងអាហារសាមគ្គី

ពិធីខួបលើកទី១ និងអាហារសាមគ្គី ត្រូវបានប្រព្រឹត្តិទៅកាលពីថ្ងៃអាទិត្យ ១០រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ដោយមានការចូលរួមជាកិត្តិយសពី

-ឯកឧត្តម អ៊ុត សំអន អនុរដ្ឋលេខាធិការ តំណាងក្រសួងមហាផ្ទៃ

-ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ តំណាងក្រសួងព័ត៌មាន

-ឯកឧត្តម ឧត្តមសេនីយ៍ត្រី ព្រំ ហៀង មេបញ្ជាការរង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ព្រហ្ម ផេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលអន្តរាគមន៍លេខ ១

-លោក កេង ថា ប្រធាន ស...ក ខណ្ឌដង្កោ តំណាងក្រសួងបរិស្ថាន

-លោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស 

-លោកគ្រូអ្នកគ្រូ នៃវិទ្យាល័យ សម្តេច ហ៊ុន សែន ព្រែកកំពឹស

-លោក លោកស្រី អតីតសិស្ស នៃអនុវិទ្យាល័យ សម្តេច ហ៊ុន សែន ព្រែកកំពឹស

និងភ្ញៀវកិត្តិយស សមាជិកសមាជិកាជាច្រើននាក់ ។



លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និសិ្សតនៅកម្ពុជា បានលើកឡើងថា ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងសមាជិកសមាជិកាទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធីខួបលើកទី១ និងអាហារសាមគ្គីរបស់សមាគមនាពេលនេះ ដែលសរបញ្ជាក់ឲ្យឃើញអំពីទឹកចិត្តស្រលាញ់សង្គម និងជួយគាំទ្រសកម្មភាពការងារសង្គមរបស់សមាគមយើងខ្ញុំ ។ ពីធីនេះបង្កើតឡើងក្នុងគោលបំណងរំលឹកខួប ១ ឆ្នាំ នៃការបង្កើតសមាគម ការជួបជុំសមាជិកសមាជិកា និងបងប្អូនជនរួមជាតិទាំងអស់ដែលស្រលាញ់ និងចូលរួមក្នុងការងារសង្គមជាមួយសមាគមអតីតសិស្ស-និស្សិត នៅកម្ពុជាក្តី ជាមួយសមាគម អង្គការ ឬក្នុងការងារផ្សេងៗក្តី ដើម្បីរឹតចំណងសាមគ្គីភាពឲ្យកាន់តែរឹងមាំជាងមុន ព្រមទាំងរាយការណ៍អំពីសកម្មភាពមួយឆ្នាំកន្លងមក និងផែនការសកម្មភាពនៅឆ្នាំបន្ទាប់របស់សមាគម ។ ខ្ញុំ សូមយកឳកាសនេះ​ ជម្រាបដល់អង្គពិធី ជាពិសេសថ្នាក់ដឹកនាំ សមាជិកសមាជិការបស់សមាគមទាំងអស់មេត្តជ្រាបថា អត្ថន័យនៃការរៀបចំពិធីអបអរសាទរខួប ១ឆ្នាំរបស់សមាគមនៅពេលនេះ មិនមែនគ្រាន់តែជាការបង្ហាញឲ្យដឹងថា សមាគមមានអាយុ ១ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញនូវពេលវេលា ១ឆ្នាំនៃសកម្មភាព របស់សមាគម ដែលបានចុះជាប់នៅតាមមូលដ្ឋាន ធ្វើការងារជាក់ស្តែងមួយចំនួន  ជាពិសេស អនុស្សាវរីយ៍ នៃការចុះផ្ទាល់ជាមួយនឹងមន្ត្រីរាជការ ក៏ដូចថ្នាក់ដឹកនាំភូមិឃុំស្រុកខេត្ត ការជួបផ្ទាល់ជាមួយលោកគ្រូអ្នកគ្រូ ការជួបផ្ទាល់ជាមួយក្មួយៗសិស្សានុសិស្ស ជាពិសេសការជួបផ្ទាល់ជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលជាមាតាបិតាសិស្ស ហើយក៏ដូចជាអនុស្សាវរីយ៍ជាច្រើនរវាងថ្នាក់ដឹកនាំសមាគម និងជាសមាជិកសមាជិកាទាំងអស់ផងដែរ ។

 

លោកប្រធានបានបន្តថា សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ត្រូវបានបង្កើតឡើងដោយក្រុមអតីតសិស្សមួយក្រុមតាំងពីឆ្នាំ២០១៣ ហើយត្រូវ​​​បាន​អនុញ្ញាតស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ក្រោមប្រកាសលេខ ០៩២ ប្រ.ក ចុះថ្ងៃទី១៧ ខែ  មករា ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ និងមានទីស្នាក់ការកណ្តាលស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សមាគមមានចក្ខុវិស័យ​ និងបេសកកម្មចូលរួមលើកកម្ពស់វិស័យអប់រំ និងការពារគុណភាពបរិស្ថាន ហើយមានសកម្មភាពប្រមូលផ្តុំអតីតសិស្សនិស្សិតគ្រប់ទិសទីនៅក្នុងប្រទេសកម្ពុជា​ និងនៅបរទេស ដែលធ្លាប់បានសិក្សានៅ​កម្ពុជា ដើម្បីរួមចំណែកកសាងប្រទេសកម្ពុជា ប្រកបដោយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។ ការប្រមូលផ្តុំកម្លាំងអតីតសិស្ស-និស្សិតនៅពេនេះ ក៏គឺជាការផ្តល់ឳកាសដល់យុវជននៅគ្រប់ស្រទាប់ ដើម្បីរួមចំណែកបម្រើសង្គមជាតិ ចូលរួមទទួលខុសត្រូវក្នុងការថែរក្សាការពារសន្តិភាព និងសមិទ្ធផលជាតិ ។ ​ រយៈពេល ១ឆ្នាំកន្លងមកនេះ សមាគមបានអនុវត្តសកម្មភាពរបស់ខ្លួនជាមួយសមាជិកសមាជិកា និងមានការសហការយ៉ាងល្អពីលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ក្រោមប្រធានបទ រួមគ្នាចែករំលែកសេចក្តីស្រលាញ់ដល់សង្គម និងដើមឈើមួយ ជីវិតមួយ ហើយសម្រេចបានដូចខាងក្រោមនេះ ៖

សាលារៀនចំនួន ១៤ ទីតាំង (ក្នុងខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តត្បូងឃ្មុំ ខេត្តតាកែវ និងខេត្តព្រៃវែង) កាដូជូនលោកគ្រូអ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានចំនួន ២៣៦ នាក់ សម្ភារសិក្សាចែកជូនសិស្សានុសិស្សសរុបចំនួន ៤,៩៣៣ នាក់ កង់ ចែកជូនសិស្សានុសិស្សដែលខ្វះខាតសរុបចំនួន ២៥  គ្រឿង កាតាប ចែកជូនសិស្សានុសិស្សសរុបចំនួន ៩៤៧ កាតាប ដាំកូនឈើប្រណិតនៅសាលារៀន វត្ត និងទីសាធារណៈចំនួន ១,៨១០ដើម កាដូជូនដល់មាតាបិតាសិស្សាសរុបចំនួន ១៥០ នាក់ ទោង ទោងបង្អិល និងរៀបចំទីតាំងហាត់កីឡា ១ ឈុត​ ចូលរួមកម្មវិធីបុណ្យផ្ការស្មីសាមគ្គីនូវទឹកសុទ្ធ ៣០ កេស និងថវិកា ១.លានរៀល

ហើយបច្ចុប្បន្ន សមាជិកសមាជិកាសមាគមមានចំនួនជិត ២០០នាក់ ដែលដឹកនាំដោយគណៈកម្មការគ្រប់គ្រងចំនួន ១៦ នាក់ លើផ្នែកធនធានមនុស្ស រដ្ឋបាល កិច្ចការទំនាក់ទំនងក្នុងនិងក្រៅប្រទេស ហិរញ្ញវត្ថុ និងផ្នែកគ្រប់គ្រងគម្រោង ។

សម្រាប់ឆ្នាំ ២០២០នេះ សមាគមនឹងអនុវត្តលើសកម្មភាពដែលគ្រោងទុកចំនួន ០៤ ដូចជា៖ ១. កម្មវិធីដាំដើមឈើប្រចាំឆ្នាំជាបន្ត ២. ជួយសិស្ស និសិ្សតក្រីក្រ ៣. ជួយសាលាដែលមានការខ្វះខាត (របងសាលា អគារសិក្សា ឬសួនច្បារជាដើម…….៤. ស្វែងរកជំនួយសប្បុរសធម៌ ពីសប្បុរសជន ស្ថានទូតនានា ដើម្បីជួយឳពុកម្តាយក្រីក្រ និងសិស្សនិស្សិត ដែលមិនមានលទ្ធភាពបន្តការសិក្សា

 

            លោកបានបន្ថែមទៀតថា អ្វីដែលបានផ្តល់ឳកាសដ៏ធំធេងដល់សមាគមយើងខ្ញុំឲ្យបានចូលរួមបម្រើជាតិមាតុភូមិនោះ គឺកត្តាសុខសន្តិភាព ដែលប្រជាជន យើងទាំងអស់កំពុងទទួលបានយ៉ាងពេញលេញ ។ អរគុណសន្តិភាព និងដើម្បីបុព្វហេតុសន្តិភាពយូរអង្វែងរបស់ជាតិមាតុភូមិយើង ជាពិសេស ដើម្បីជាការចូលរួមចំណែកថែរក្សាសន្តិភាព សមិទ្ធផល ឬមរតកផ្សេងៗដែលថ្នាក់ដឹកនាំបានផ្តល់ជូន យុវជនយើងត្រូវខិតខំចូលរួមថែរក្សាការពារ ជាពិសេសត្រូវមានសមត្ថភាពពេញលេញ និងប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ក្នុងរបត់នយោបាយថ្មីៗ សេដ្ឋកិច្ច និងសង្គមកិច្ច ជាដើម ។ យើខ្ញុំមានមោទនភាពណាស់ និងពិតជាដឹងគុណណាស់ចំពោះយុវជនជំនាន់មុន ដែលបានបន្សល់ទុកនូវកេរដំណែល សន្តិភាព  សមិទ្ធផលជាតិ និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ ។ យុវជនជំនាន់នេះ ក៏ត្រូវធ្វើសកម្មភាពឲ្យ       ផុសផុល និងជាចំណែកមួយនៃធនធានរបស់ជាតិ ហើយក៏ជាអ្វីដែលយើងអាចធ្វើបាន ដោយមិនចាំបាច់ទាល់តែជាមន្ត្រីរាជការ ធ្វើជាអ្នកជំនួញធំ ឬទៅគាំទ្របក្សនយោបាយណាមួយ ទើបហៅថា ស្រលាញ់ជាតិនោះទេ ។ ការស្រលាញ់ជាតិពិតប្រាកដ គឺការចូលរួមធ្វើជាក់ស្តែង ធ្វើទៅតាមលទ្ធភាពរបស់យើង សូម្បីតែជួយរើសសំរាម ឬមិនបោះសំរាមនៅទីវាលសាធារណៈ ឬដាំដើមឈើមួយដើម ក៏ជាកាយវិការស្រលាញ់ជាតិ និងបានចូលរួមចំណែកបម្រើជាតិ និងសង្គមរួចទៅហើយ ។





សកម្មភាពថ្មីៗ