អំពីយើង
ប្រវត្តិ
អតីតសិស្សសាលាអនុវិទ្យាល័យ ព្រែកកំពឹស មួយក្រុមនៃជំនាន់បន្តបន្ទាប់គ្នាក្នុងឆ្នាំសិក្សា ឆ្នាំ១៩៩១-២០០១ បច្ចុប្បន្នជាវិទ្យាល័យ ហ៊ុន សែន ព្រែកកំពឹស ស្ថិតនៅផ្លូវជាតិលេខ២ ភូមិ   ព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុនពេលដែលសម្រេចបង្កើតសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជានេះឡើង អតីតសិស្សក្នុងជំនាន់ខាងលើនេះ បានរៀបចំ ពិធីជប់លៀងជួបជុំសាមញ្ញរៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០១៣ រហូតមក ដោយបានសហការជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងអាជ្ញាធរមូលដ្ឋាន ការរៀបចំជួបជុំនេះគ្រាន់តែធ្វើឡើងក្នុងគោលបំណងជួបជុំមិត្តចាស់ និងរក្សាទំនាក់ទំនងប៉ុណ្ណោះ
ដោយសារតែមិត្តភាព ការទំនាក់ទំនង និងសាមគ្គីភាព ការជួបជុំមួយនេះបានបំផុសគំនិតក្រុមអតីតសិស្សធ្វើរឿងរួមគ្នាមួយចំនួនលើសពីគោលបំណង និងការរំពឹងទុកដំបូងដូចជាការជួយជាធនធានមួយចំនួនសម្រាប់សាលាដូចជាខ្លោងទ្វារសាលា សំភារៈសិក្សា ជំនួយក្នុងពេលទឹកលិចសាលា និងគ្រួសខ្សាច់ចាក់នៅទីធ្លាសាលាជាដើម ដោយយល់ឃើញថា សាមគ្គីភាពរបស់ អតីតសិស្សអាចចូលរួមបន្តិចបន្តួច ក្នុងកំរិតជាក្រុមដល់យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ជាពិសេសគឺការរួមចំណែកលើកកម្ពស់វិស័យអប់រំក្នុងប្រទេសកម្ពុជា ក្រុមអតីតសិស្សនេះ ក៏បានរួមគ្នាបង្កើតជា សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា (CAMBODIA ALUMNI ASSOCIATION) ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ក្រោមប្រកាសលេខ ០៩២ ប្រក ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ ដែលមានទីតាំងស្នាក់ការកណ្តាលស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងការពារគុណភាពបរិស្ថាន និងធ្វើជាគំរូដល់ប្អូនៗជំនាន់ក្រោយ ក្នុងការចែករំលែកនូវសេចក្តីស្រលាញ់ដល់សង្គម និងជួយអភិវឌ្ឍប្រទេសតាមលទ្ធភាព និងធនធានដែលខ្លួនមាន

សមាជិក
ចក្ខុវិស័យ
ប្រមូលផ្តុំអតីតសិស្សនិស្សិតចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងការពារគុណភាពបរិស្ថាននៅកម្ពុជា ប្រកបដោយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។
បេសកកម្ម
1
ជួយសិស្សដែលមានជីវភាពក្រីក្រឲ្យមានឱកាសសិក្សា និងទទួលបាននូវវគ្គបណ្តុះបណ្តាលអំពីការបង្កើត​គោលដៅ​ជីវិត ។
2
ជួយឳពុកម្តាយសិស្សដែលមានជីវភាពក្រីក្រ ហើយគ្មានលទ្ធភាពឲ្យកូនបន្តការសិក្សា ឲ្យមានមុខ​របរ និងចំណូលជាប្រចាំ ដើម្បីផ្តល់ឱកាសសិក្សាដល់កូនៗរបស់គាត់ ។
3
ជួយអភិវឌ្ឍសាលាតាមរយៈការសរសេរគម្រោងសុំជំនួយថវិកាគាំទ្រពីអតីតសិស្ស និងសប្បុរសជនក្នុងប្រទេស និងក្រៅប្រទេស ។
4
ស្វែងរកដំណោះស្រាយ និងឧបត្ថម្ភដល់ជនងាយរងគ្រោះតាមមធ្យោយបាយនានា ដែលអាចធ្វើ​ទៅបាន ។
5
បង្កើតកម្មវិធីសង្គមផ្សេងៗដើម្បីលើកកម្ពស់ និងដឹកនាំពង្រីកវប្បធម៌ចែករំលែកបន្តជំនាន់ក្រោយៗ ។
6
បង្កើនការបណ្តុះបណ្តាលដល់យុវជនឲ្យទទួលបានចំណេះដឹងពិត ដើម្បីងាយស្រួលក្នុងការស្វែងរកកាងារធ្វើ ឬប្រកបកិច្ចការផ្សេងៗ ។
7
បង្កើតឱកាសស្វែងយល់អំពីបរិស្ថាន និងការថែរក្សាបរិស្ថាន ។
8
បង្កើតកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ ឬចំណេះដឹង និងកម្មវិធីសង្គមផ្សេងៗទៀត ដែលគាំទ្រដល់បរិស្ថានស្អាត ។
9
បង្កើតការងារណាដែលជួយឲ្យបរិស្ថានស្អាត ។
គុណតម្លៃរបស់យើង
1
សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា នឹងអាចជួយបង្កើនសមត្ថភាព បញ្ញាញាណ និងការ​ច្នៃ​ប្រឌិតទៅដល់បញ្ញវន្ត និងយុវជនដទៃ ដើម្បីរួមចំណែកអភិវឌ្ឍសហគមន៍ និងសង្គមកម្ពុជាប្រកបដោយចីរភាព ។
2
សីលធម៌នាំឲ្យមានសន្តិសុខសង្គម ដែលជួយបង្កើនល្បឿនអភិវឌ្ឍន៍​ក្នុងសង្គមកម្ពុជា ។
3
មានលទ្ធិប្រជាធិបតេយ្យជួយលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងយុត្តិធម៌ ដោយមិនប្រកាន់​ពូជសាសន៍ ពណ៌សម្បុរ និង​សាសនានៅក្នុងសមាគម និងសង្គមកម្ពុជាទាំងមូល ។
4
ការប្តេជ្ញាចិត្ត គឺជំរុញឲ្យមានការទទួលខុសត្រូវខ្ពស់រាល់ការងារ និងឈានទៅរកភាព ជោគជ័យសម្រាប់​​សមាគម និងសង្គមកម្ពុជា ។
5
ការចូលរួមថែរក្សា និងការពារគុណភាពបរិស្ថាន គឺជាការផ្តល់ក្តីស្រឡាញ់ជាតិ និងផ្តល់ក្តីស្រឡាញ់​ដល់មនុស្សជំនាន់ក្រោយ ។